khmer eng
  • ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានបន្តសម័យប្រជុំលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
     
    ចែករំលែក ៖

    នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៩:១៥នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានបន្តសម័យប្រជុំលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប។
    អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖
    របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។
    យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកនេះ បានប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មីចំនួន២រូប ដូខខាងក្រោម៖
    ១- លោកជំទាវ ចឹក ហេង ជាសមាជិកាព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៨ (ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ) ជំនួស ឯកឧត្តម មួង ប៉យ ដែលបានទទួលមរណភាព។
    ២- ឯកឧត្តម អ៊ុន វណ្ណា ជាសមាជិកព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) ជំនួស ឯកឧត្តម ទេព យុទ្ធី ដែលបានទទួលមរណភាព។ សមាជិកព្រឹទ្ធសភាថ្មីទាំងពីររូបនេះ នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។
    របៀបវារៈទី២៖ ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
    នៅរបៀបវារៈទី២នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ ។
    បន្ទាប់ពីសមាជិកព្រឹទ្ធសភាចំនួន៣រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
    អង្គប្រជុំព្រឹទ្ធសភាបានអនុម័តដោយមានសំឡេងគាំទ្រចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
    សូមជម្រាបថា មុននឹងដំណើរការនៃអង្គប្រជុំតាមរបៀបវារៈ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេស តាមរយៈការផ្សាយបន្តផ្ទាល់តាមស្ថាប័នព័ត៌មាននានា ជូនដល់ជនរួមជាតិកម្ពុជាទាំងអស់អំពីសភាពការណ៍ជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ សម្តេចតេជោ បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ ជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា និងគ្រប់គ្រងសភាពការណ៍ ជាពិសេស លើការចរចាជាជាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា អ្វីដែលអាក្រក់បំផុត គឺព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាម និងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការនៅក្នុងគ្រប់វិស័យ និងខូចខាតផលប្រយោជន៍នៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ បំណងប្រាថ្នារបស់សម្តេចតេជោ គឺចង់បានតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមគ្នានោះ សម្តេចតេជោ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងអរគុណដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបានអំពាវនាវដល់ ក្រសួង-ស្ថាប័ន ទាំងអស់ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពដែលនៅជួរមុខ ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយដ៏រឹងមាំនៃខឿនការពារជាតិរបស់កម្ពុជា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក